Header Ads

ដូណាល់ ថ្រាំ៖ "មិនអាចចេះតែបណ្តោយឱ្យគេធ្វើអីក៏ធ្វើទៅអញ្ចឹងទៀតបានទេ!"


លោកប្រធានាធិបតីអាមេរិកដូណាល់ ថ្រាំ បានជួបសំណេះសំណាលជាមួយនឹងលោកប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្គោ ឌូទែតេ តាមរយៈទូរសព្ទកាលពីថ្ងៃទី ២៩ ខែមុន ។ ក្នុងខ្សែអាត់សម្លេងពិភាក្សាគ្នានាឱកាសនោះក៏មាននិយាយពីកូរ៉េខាងជើងផងដែរ។ តាមកាសែត New York Times ដែលបានស្រង់សម្តីក្នុងកិច្ចជំនួបតាមទូរសព្ទរបស់ប្រមុខរដ្ឋទាំងពីរឱ្យដឹងថា លោកប្រធានាធិបតីដូណាល់ ថ្រាំ បានថ្លែងថា៖ "យើងមិនអាចចេះតែបណ្តោយឱ្យក្មេងឆ្កួតនោះដែលមានអាវុធនុយក្លេអ៊ែរធ្វើអ្វីទៀតតាមតែអំពើចិត្តរបស់គេទៀតបានទេ...មិនអួតទេ អាមេរិកមានអាវុធបែបនេះច្រើនណាស់ គឺច្រើនជាងចំនួនដែលកូរ៉េខាងជើងមានរហូតដល់ទៅ ២០ ដងឯណោះ តែគ្រាន់តែយើងមិនចង់ប្រើវា។"


លោកដូណាល់ ថ្រាំ បានបន្ថែមទៅកាន់លោក ឌូទែតេ ទៀតថា៖ "រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបញ្ជូននាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរចំនួន ២ គ្រឿងទៅកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េខាងជើងរួចហើយ។ នាវាមុជទឹករបស់យើងជានាវាដែលមានសមត្ថភាពខ្ពស់លើលោកដែលអាចធ្វើការវាយប្រហារកូរ៉េខាងជើងបានយ៉ាងងាយ តែនេះគ្រាន់តែមិនទាន់ជាជម្រើសរបស់យើង ហើយយើងក៏មិនចង់ប្រើវាដែរ។"

កន្លងមក លោកប្រធានាធិបតីដូណាល់ ថ្រាំ ធ្លាប់បានលើកឡើងថា​ ជម្លោះដ៏ចម្បងមួយរវាងអាមេរិក និងកូរ៉េខាងជើងអាចនឹងកើតមានឡើងដោយសារតែកម្មវិធីបរមាណូ និងមីស៊ីលរបស់ប្រទេសផ្តាច់ការមួយនេះ។ បញ្ហាទាំងអស់ដែលទាក់ទងនឹងរឿងនេះ ពេលនេះអាមេរិកកំពុងតែដាក់លើតុពិភាក្សាគ្នានៅឡើយ។ តែដូណាល់ ថ្រាំ ចង់រកវិធីដោះស្រាយជម្លោះនេះតាមរយៈការចរចាកាទូតជាជាងការជួបគ្នាដោយសព្វាវុធ។


ចំណែកកូរ៉េខាងជើងវិញបានប្តេជ្ញាបន្តផលិតអាវុធបរមាណូ និងមីស៊ីលបំពាក់ក្បាលគ្រាប់ដែលអាចកម្ទេចបច្ចាមិត្តរបស់ខ្លួនជាបន្តទៀត។ កូរ៉េខាងជើងលើកឡើងថា ការបន្តកម្មវិធីបរមាណូ និងផលិតមីស៊ីលរបស់ខ្លួននេះគឺមានសារសំខាន់ណាស់ក្នុងការតបតទៅនឹងការឈ្លានពានពីអាមេរិក។ រហូតមកទល់ពេលនេះ ជម្លោះនៅឧបទ្វីបកូរ៉េបានអូសបន្លាយអស់រយៈពេលជាច្រើនគួរសមដែរហើយ តែនៅមិនទាន់មានច្រកចេញណាមួយដែលធានាថាសង្គ្រាមលោកលើកទីបីនឹងពិតជាមិនកើតមានឡើងនៅឡើយទេ។ ចាំមើលថាតើ ដូណាល់ ថ្រាំ  និងគីម ជុងអ៊ុន នឹងបញ្ចប់ជម្លោះនេះដោយសន្តិវិធី ឬដោយសព្វាវុធ?


KdavKdav24 នឹងបន្តតាមដានព្រឹត្តិការណ៍នេះដើម្បីជម្រាបជូនជ្រាបដល់ប្រិយមិត្តទាំងអស់ជាបន្តទៀត។ អរគុណជាអនេគកប្បការចំពោះការគាំទ្រ និងបន្តអានព័ត៌មានដែលចេញផ្សាយនៅលើទំព័ររបស់យើងខ្ញុំ!!!


ប្រភព៖ Express.co.uk







No comments