Header Ads

ពេលនេះកូរ៉េខាងជើងត្រៀមខ្លួនសម្រាប់សង្គ្រាមលោកលើកទី ៣ រួចរាល់ហើយ!


តាមការរាយការណ៍ឱ្យដឹងថា កូរ៉េខាងជើងពេលនេះបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធក្នុងសមរភូមិនៃសង្គ្រាមលោកលើកទី ៣ រួចរាល់ហើយ ព្រោះ គីម ជុងអ៊ុន បានបញ្ជាឱ្យទាហានសាងសង់ជញ្ជាំងការពារឱ្យរួចរាល់ក្នុងពេលដ៏ខ្លីមួយ។ កូរ៉េខាងជើងជឿថាខ្លួនកំពុងតែស្ថិតលើចំណុចចុងក្រោយបំផុតមួយនៃការផ្ទុះសង្គ្រាមតាមរយៈការវាយប្រហារពីនាវារបស់អាមេរិកដែលខ្លួនធ្លាប់បានសន្យាថានឹងធ្វើឱ្យទៅជាខ្មោចទឹកចាំសមុទ្របើហ៊ានចូលដែនទឹករបស់ខ្លួននោះ។

ក្រោយពីឈរពាត់ដៃមើលដូណាល់ ថ្រាំ បញ្ជាឱ្យយន្តហោះទម្លាក់គ្រាប់បែកនៅប្រទេសស៊ីរី កាលពីខែមុន គីម ជុងអ៊ុន ជឿជាក់យ៉ាងច្បាស់ថា កូរ៉េខាងជើងពិតជាគោលដៅបន្ទាប់របស់អាមេរិកក្រោយពីបញ្ចប់ការវាយប្រហារនៅស៊ីរី ជាមិនខានឡើយ។ តាមទីភ្នាក់ងារព័ត៌មាន Asia Press ឱ្យដឹងថាដ កូរ៉េខាងជើងហាក់ដឹងពីតម្រុយយ៉ាងច្បាស់ក្នុងការវាយប្រហាររបស់អាមេរិកលើប្រទេសស៊ីរី ។

ប្រភពព័ត៌មានខាងលើឱ្យដឹងទៀតថា កងទ័ពរបស់កូរ៉េខាងជើងពេលនេះកំពុងតែត្រៀមរៀបចំយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលពីនាវាចម្បាំងអាមេរិក។ ក្រៅពីរៀបចំរបាំងការពារ គីម ជុងអ៊ុន ក៏បានបញ្ជាឱ្យទាហានរុះរើអាគារថ្មនៅក្នុងតំបន់ក្រីក្រជាច្រើនចេញផងដែរ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ខណៈការវាយប្រហារកើតមានឡើង។

ចំណែកឯសកម្មភាពកំណែនកងទ័ពរបស់កូរ៉េខាងត្បូងក៏ជាសញ្ញាមួយប្រាប់ឱ្យក្រុងព្យុងយ៉ាង ត្រៀមខ្លួនផងដែរ ព្រោះគេបានឃើញកងរដក្រោះកូរ៉េខាងត្បូងជាច្រើនកំពុងតែធ្វើដំណើរឆ្ពោះទៅតំបន់ក្បែរព្រំដែនកូរ៉េខាងជើង។ ការបញ្ជូនកងរថក្រោះទៅតំបន់ព្រំដែននេះធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីថ្មី Moon Jae In បានថ្លែងថា ភាគរយនៃការផ្ទុះសង្គ្រាមជាមួយកូរ៉េខាងជើងគឺស្ថិតនៅក្នុងចំណុចខ្ពស់មួយ។

លោកប្រធានាធិបតីថ្មីខាងលើបានបន្ថែមទៀតថា ការសាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងគឺជារឿងដែលបំពានយ៉ាងខ្លាំងទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ក៏ដូចជាបង្កឱ្យមានអស្ថេរភាព និងអសន្តិសុខសកលផងដែរ។ យើងពិតជាមិនអាចអត់ធ្មត់ចំពោះការគម្រាមកំហែងទាំងមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបាននោះទេ។ ភាពតានតឹងកំពុងតែកើតឡើងខ្លាំងនៅឧបទ្វីបកូរ៉េហើយពេលនេះ។ ចាំមើលថាតើសង្គ្រាមលោកទី ៣ ពិតជានឹងផ្ទុះឡើងមែន ឬក៏យ៉ាងណា បើម្ខាងៗកំពុងតែតឹកសរសៃកដាក់គ្នាបែបនេះនោះ?

ប្រភព៖ Express

No comments