អស់ថ្លែងហ្មង! ប្រធានាធិបតីហ្វីលីពីន ឱ្យទាហានអាចចាប់ស្រីៗរំលោភបានក្នុងពេលអនុវត្តច្បាប់អាជ្ញាសឹក!
លោកប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្គោ ឌូទែតេ ដែលបានឈានជើងជាន់ទឹកដីអាមេរិកដោយត្រូវបានលោកដូណាល់ ថ្រាំ ស្វាគមន៍យ៉ាងរាក់ទាក់នៅឯវិមានសកាលពីខែមុន និងក៏ជាអ្នកប្រកាសសង្គ្រាមជាមួយនឹងអ្នកជួញដូរថ្នាំញៀនផងនោះ បានប្រាប់ទៅទាហានក្រោមបង្គាប់របស់លោកថា លោកនឹងគាំទ្រពួកគេ បើសិនជាពួកគេរំលោភស្ត្រីខណៈកំពុងអនុវត្តច្បាប់អាជ្ញាសឹក។
ការលើកឡើងនេះថ្វីបើទំនងជាលោកនិយាយលេងសើចក៏ដោយ តែត្រូវបានថ្កោលទោសពីសំណាក់អង្គការសិទ្ធិមនុស្ស និងក្រុមស្ថាប័ន និងអង្គការគាំពារស្ត្រីផងដែរ។ លោក ឌូទែតេ បានថ្លែងបែបនេះក្នុងសុន្ទុរកថាមួយនៅកោះ មីនដាណាវ ដោយលោកបានបញ្ជាឱ្យកងទ័ពអនុវត្តច្បាប់អាជ្ញាសឹកកាលពីថ្ងៃ អង្គារ ដើម្បីកម្ចាត់ និងចាប់ខ្លួនក្រុមជនសកម្មប្រយុទ្ធដែលបានសាងបណ្តាញជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម។
ថ្វីបើលោក ឌូទែតេ និយាយលេងក៏ពិតមែន តែគណបក្ស Gabriela Women's Party បានចេញសេចក្តីថ្លែងការណ៍ប្រកបដោយការខឹងសម្បារ និងស្តីបន្ទោសឱ្យលោកឌូទែតេ ថា ពាក្យរំលោភនេះមិនមែនចេះតែយកមកនិយាយលេងបានបែបនេះនោះទេ។ នេះហាក់ជាចេតនាមួយក្នុងការជម្រុញកងទ័ពឱ្យមានទឹកចិត្តអនុវត្តច្បាប់អាជ្ញាសឹកដោយយកស្ត្រីមកធ្វើជាគ្រឿងជម្រុញ។
គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ស្ត្រីដែលជាអ្នកផ្សព្វផ្សាយសាសនាជាតិអូស្ត្រាលីម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងកុប្បកម្មមួយនៅក្នុងគុកដោយសារតែបុរសជាច្រើនបានតម្រង់ជួរផ្លាស់វេនគ្នាទៅរំលោភនាងម្នាក់ម្តងៗ កាលនោះលោក ឌូទែតេ បាននិយាយបែបលេងសើចថា ស្ត្រីអ្នកផ្សព្វផ្សាយសាសនានោះមានរូបសម្រស់ស្រស់ស្អាត បើលោកនៅទីនោះ លោកពិតជាឈរនៅមុខគេដើម្បីបានចូលទៅរំលោភនាងមុនគេជាមិនខាន។ កាលនោះលោកក៏ត្រូវបានបណ្តាអង្គការ និងស្ថាប័នគាំពារស្ត្រីនានាថ្កោលទោសម្តងរួចមកហើយផងដែរ៕
ប្រភព៖ Yahoo
Post a Comment