Header Ads

សហរដ្ឋអាមេរិកកំពុងសាកល្បងរកវិធីដើម្បីបាញ់ទម្លាក់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង


Pentagon ដែលជាក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកនឹងរៀបចំការរសាកល្បងចំនួន២ នៅក្នុងខែឧសភា ខាងមុខនេះដើម្បីវាស់ស្ទង់ពីសមត្ថភាពរបស់ខ្លួនក្នុងការបាញ់ទម្លាក់គ្រាប់មីស៊ីលដែលបាញ់ចេញមកពីប្រទេសកូរ៉េខាងជើង។ តាមសម្តីរបស់មន្ត្រីក្រសួងការពារជាតិអាមេរិកឱ្យដឹងថា ការសាកល្បងនេះគឺធ្វើឡើងក្នុងគោលបំណងមួយដែលថាអាមេរិកអាចការពារខ្លួនពីការគម្រាមកំហែងពីកូរ៉េខាងជើងមកលើប្រទេសខ្លួនបាន។


កម្មវិធីសាកល្បងរយៈពេលវែងមួយដែលធ្វើឡើងនៅតំបន់ប៉ាស៊ីហ្វិកគឺជាផ្នែកមួយនៃកម្មវិធីប្រឆាំងគ្រាប់មីស៊ីលរបស់កងទ័ពអាមេរិកដើម្បីទប់ទល់នឹងការគម្រាមកំហែងពីប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់។ យ៉ាងហោចណាស់ ពេលនេះអាមេរិកអាចការពារខ្លួនបានពីការសំឡុតរបស់កូរ៉េខាងជើង។ ក្នុងការដកពិសោធន៍ខាងលើ គេនឹងធ្វើការសាកល្បងសមត្ថភាពនៃការបាញ់មីស៊ីលចេញពីនាវារបស់កងទ័ពជើងទឹកផងដែរ ដោយការសាកល្បងនេះត្រូវមន្ទីបច្ចកោណជ្រើសធ្វើនៅតំបន់ប៉ាស៊ីហ្វិកព្រោះវាជាកន្លែងដែលមានទីតាំងធំ។


គ្រាប់មីស៊ីលដែលគេទើបតែបានផលិតឱ្យប្រសើរជាងមុនធ្លាប់ត្រូវបានគេធ្វើការសាកល្បងតែម្តងប៉ុណ្ណោះ ដោយមីស៊ីលថ្មីនេះមានបំពាក់ប្រព័ន្ធជម្រុញ និងក្បាលសម្រាប់សឹកសង្គ្រាមផងដែរ។ នេះមានន័យថា វានឹងអាចបាញ់ចេញដល់រយៈចម្ងាយឆ្ងាយស្ទើរតែហួសតំបន់ឆ្នេររបស់កូរ៉េខាងជើង និងថែមទាំងមានឱកាសច្រើនក្នុងការបាញ់ទម្លាក់មីស៊ីលរបស់កូរ៉េផងដែរ។ កម្មវិធីខាងលើនេះត្រូវបានធ្វើឡើងដោយមានការសហការពីប្រទេសជប៉ុនក្នុងគោលបំណងបាញ់ទម្លាក់មីស៊ីលចម្ងាយមធ្យមរបស់កូរ៉េខាងជើងដែលតែងតែគម្រាមកំហែងដល់បណ្តាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកទាំងអស់កន្លងមក។


ចំណែកការសាកល្បងមួយទៀតនឹងត្រូវធ្វើឡើងនៅចុងខែឧសភា នៅតំបន់ប៉ាស៊ីហ្វិកដូចគ្នា ដោយត្រូវធ្វើការដកពិសោធន៍ពីសមត្ថភាពរបស់អាមេរិកក្នុងការបាញ់ទម្លាក់គ្រាប់មីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើងតែម្តង។​ គូសបញ្ជាក់ផងដែរថា កម្មវិធីតែស្តនេះត្រូវបានមន្ទីបច្ចកោណអាមេរិកធ្វើឡើងអស់ជាងមួយទស្សវត្សមកហើយ។ តាមនាយកដ្ឋានការពារជាតិអាមេរិកឱ្យដឹងថា ការដកពិសោធន៍របស់ខ្លួនកន្លងមកបានសម្រេចត្រឹមពាក់កណ្តាលតែប៉ុណ្ណោះ៕


ប្រភព៖ edition

No comments