Header Ads

ចង់អ្នកណាថាអីក៏ថាទៅ ម្សិលមិញនេះ គីម ជុងអ៊ុន លេង​មួយ​គ្រាប់​បាន​សម្រេច​ទៀត​ហើយ!


និយាយក៏លែងស្តាប់ សម្លុតក៏មិនខ្ចីដែលខ្លាច ទោះប្រើអំណាចអីក៏ គីម ជុងអ៊ុន នៅតែមិនខ្ចីខ្វល់សូម្បីតែប៉ុនអាចម៍ចៃសោះតែម្តង។ ក្រោយពីបាញ់មីស៊ីលផ្លោងលើកមុនបានសម្រេច ថ្ងៃអាទិត្យ ម្សិលមិញនេះជាថ្ងៃដែលគេសម្រាក តែគីម ជុងអ៊ុន មិនបានសម្រាកនឹងគេទេ ពោលគឺបានបញ្ជាឱ្យបាញ់មីស៊ីលផ្លោងមួយគ្រាប់ទៀតហើយ។ មីស៊ីលធន់មធ្យមនេះបាញ់ចេញពីតំបន់ Pukchang ដែលនៅក្បែរទីក្រុងព្យុងយ៉ាង។ មីស៊ីលធន់មធ្យមនោះបានហោះចម្ងាយ ៣១០ ម៉ាយ (ប្រហែល ៤៩០ គីឡូ) និងធ្លាក់ទៅក្នុងដែនទឹកនៃឆ្នេរភាគខាងកើតរបស់ប្រទេសខ្លួនតែម្តង។


តាមសម្តីរបស់ទីបញ្ជាការកងទ័ពអាមេរិកប្រចាំនៅសមុទ្រប៉ាស៊ីហ្វិក ឱ្យដឹងថា ខ្លួនក៏បានឃើញ និងតាមមើលពីការបាញ់មីស៊ីលធន់មធ្យមរបស់កូរ៉េខាងជើងកាលពីម្សិលមិញនេះផងដែរ ដោយមីស៊ីលនោះបានបាញ់ចេញនៅម៉ោងប្រហែល 9:59 នាទី និងបានធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន។ ទីបញ្ជាការខាងលើបញ្ជាក់ទៀតថា មីស៊ីលម្សិលមិញនេះមិនបានគម្រាមកំហែងអីដល់អាមេរិកខាងជើងនោះទេ។

កូរ៉េខាងជើងបាញ់មីស៊ីលនេះឡើង ខណៈដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ថ្រាំ កំពុងបំពេញដំណើរទស្សនកិច្ចរយៈពេល ៩ ថ្ងៃទៅកាន់តំបន់អាស៊ីបូព៌ា និងអឺរ៉ុប។ ទាក់ទាងនឹងរឿងនេះ ខាងសេតវិមានថ្លែងថា៖ "យើងបានដឹងពីការបាញ់មីស៊ីល MRBM របស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ។ មីស៊ីលដែលបានបាញ់នោះមានរយៈចម្ងាយខ្លីជាងមីស៊ីលដែលបានបាញ់សាកល្បង ៣ លើកចុងក្រោយបំផុតមុនមួយគ្រាប់ម្សិលមិញនេះ។"


នៅព្រឹកថ្ងៃ ចន្ទ នេះតែម្តង កូរ៉េខាងជើងឱ្យដឹងថា មីស៊ីលដែលខ្លួនបាញ់នោះឈ្មោះ Pukguksong-2 ដែលជាមីស៊ីលស្ថិតក្នុងលំដាប់មធ្យមមួយរបស់ខ្លួន។ គីម ជុងអ៊ុន បានឈរមើលដោយផ្ទាល់ចំពោះការសាកល្បងនេះ។ ដោយឃើញថានេះជាភាពជោគជ័យមួយក្នុងការបាញ់ គីម ជុងអ៊ុន ថែមទាំងបានបញ្ជាឱ្យចាប់ផ្តើមផលិតមីស៊ីលប្រភេទនេះក្នុងចំនួនដ៏ច្រើនមួយជាបន្ទាន់ផងដែរ រួចហើយធ្វើការដាក់ពង្រាយដើម្បីទុកការពារតទល់នឹងសត្រូវតែម្តង៕


No comments