តៃវ៉ាន់ ជាប្រទេសដំបូងគេនៅអាស៊ីតែមួយគត់ដែលទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា!
តៃវ៉ាន់ បានបង្កើតនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយដំបូងគេបង្អស់ក្នុងបណ្តាប្រទេសនៅអាស៊ីដោយអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នានៅក្នុងប្រទេសរបស់ខ្លួន។ ក្រៅពីតៃវ៉ាន់ ក្នុងដែនអាស៊ីយើងនេះនៅមិនទាន់មានប្រទេសណាដែលយល់ព្រមឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នានេះនៅឡើយទេ។
កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៧ កន្លងទៅនេះ តុលាការធម្មនុញ្ញនៃប្រទេសដែលបានផ្តាច់ខ្លួនចេញពីចិននេះបានសម្រេចជាផ្លូវការដោយទទួលស្គាល់មង្គលការភេទដូចគ្នារបស់មនុស្សពីរនាក់។
តុលាការលើកឡើងថា ការសម្រេចនេះគឺជារឿងស្របច្បាប់មួយ និងបញ្ជាក់ថាតាមពិតទៅក្រមរដ្ឋប្បវេណីដែលចែងមិនអនុញ្ញាត ឬមិនទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា គឺបានបំពានទៅនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់តៃវ៉ាន់។
ក្រុមមនុស្សភេទទីបីនៅតៃវ៉ាន់បានបង្កើតជាសមាគមន៍ដ៏សកម្មមួយកាលពីពីរបីឆ្នាំមុន និងថែមទាំងបានរៀបចំជាក្បួនដង្ហែរប្រចាំឆ្នាំដែលទាក់ទាញមនុស្សរាប់ពាន់នាក់ឱ្យចូលរួមថែមទៀតផង។ ក្នុងក្បួរដង្ហែរនោះ ទាំងបុរស ទាំងស្ត្រីស្លៀកពាក់ជាឈុតរ៉ូបមង្គលការកូនក្រមុំដើរលើដងវិថីនានា។
ខណៈសេចក្តីសម្រេចនេះត្រូវបានតវាពីក្រុមអ្នកអភិរក្សទំនៀមទម្លាប់សាសនា ក៏ដូចជាក្រុមអ្នកអភិរក្សសង្គម តែកត្តាចម្បងនៃសាធារណជនហាក់មានទំនោរយល់ស្របតាមសេចក្តីសម្រេចឱ្យមាន និងទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នានេះ។ គូសបញ្ជាក់ផងដែរថា អ្នកស្រី Tsai Ing-wen គឺជាប្រធានាធិបតីស្រីដែលកំពុងតែគ្រប់គ្រងរដ្ឋផ្តាច់ខ្លួនតៃវ៉ាន់ មួយនេះ៕
Post a Comment