Header Ads

សាកមិនដេកមែន! ព្រលឹមស្រាងៗព្រឹកមិញនេះ គីម ជុងអ៊ុន លេង​មួយ​គ្រាប់​បាន​សម្រេច​ទៀត​ហើយ!


កូរ៉េខាងជើងទើបតែបានធ្វើការសាកល្បងបាញ់មីស៊ីលរយៈចម្ងាយខ្លីរបស់ខ្លួនមួយគ្រាប់ទៀតកាលពីថ្ងៃអាទិត្យ ម៉ោង ៤ និង ៣៩ នាទី។ មីស៊ីល រយៈចម្ងាយខ្លីនោះបាញ់ចេញពីតំបន់មួយនៅក្បែរ Wonsan ខេត្ត Kangwon ឆ្ពោះទៅទិសបូព៌ា និងធ្លាក់ចូលទៅក្នុងសមុទ្រក្រោយពេលហោះបានក្នុងរយៈចម្ងាយប្រហែល ៤៥០ គីឡូ។ ខណៈពេលនេះ ទាំងអាមេរិក និងកូរ៉េខាងត្បូងកំពុងតែធ្វើការវិភាគដើម្បីប្រមូលព័ត៌មានបន្ថែម ក៏ដូចជាត្រៀមជើងការណ៍កងទ័ពជាស្រេចដើម្បីចូលសមរភូមិផងដែរ។


គូសបញ្ជាក់ផងដែរថា ទាំងជប៉ុន និងកូរ៉េខាងត្បូងបានធ្វើការតវ៉ាភ្លាមៗទៅនឹងការសាកល្បងលើកនេះទៀតរបស់កូរ៉េខាងជើង។ ហេតុផលដែលកូរ៉េខាងជើងធ្វើការសាកល្បងបាញ់មីស៊ីលជាបន្តបន្ទាប់បែបនេះក៏ព្រោះតែប្រទេសនេះកំពុងតែអភិវឌ្ឍន៍អាវុធបរមាណូរបស់ខ្លួនដើម្បីឱ្យវាមានសមត្ថភាពអាចវាយលុកចូលដល់ទឹកដីអាមេរិកដូចដែលគីម ជុងអ៊ុន ធ្លាប់បានលើកឡើងកន្លងមក។ ចំណែកស្អែននេះ ក្រសួងការពារអាមេរិកក៏នឹងត្រូវសាកល្បងគម្រោងបាញ់ទម្លាក់មីស៊ីលអន្តរទ្វីបជាលើកដំបូងបង្អស់របស់ខ្លួនផងដែរ។ ចាំមើលថាតើមន្ទីរបញ្ចកោណអាចនឹងធ្វើរឿងនេះបានសម្រេចដែរ ឬក៏យ៉ាងណា។


ស្ថានភាពនៅឧបទ្វីបកូរ៉េពេលនេះហាក់កាន់តែកំពុងតែតានតឹងទៅៗហើយ។ ដូចដែលមន្ត្រីពីមន្ទីរបញ្ចកោណនិយាយមិនខុសនោះទេ កូរ៉េខាងជើងពេលនេះកំពុងតែបន្តដំណើរឆ្ពោះទៅធ្វើការសាកល្បងបាញ់មីស៊ីលអន្តរទ្វីបរបស់ខ្លួនជាមិនខាន ព្រោះកន្លងមកគីម ជុងអ៊ុន មិនដែលបានធ្វើការសាកល្បងបាញ់ ICBM របស់ខ្លួននោះទេ តែគេពិតជានឹងធ្វើក្នុងពេលឆាប់ៗខាងមុខនេះ។ អ្វីដែលត្រូវតាមដានជាបន្តទៀតនោះគឺលទ្ធផលនៃការសាកល្បងបាញ់ទម្លាក់មីស៊ីលអន្តរទ្វីបរបស់មន្ទីរបញ្ចកោណ និងពេលណាដែលកូរ៉េខាងជើងនឹងសាកបាញ់មីស៊ីលអន្តរទ្វីប។ ក្តៅក្តៅ២៤ នឹងបន្តជម្រាបជូនពីរឿងនេះ។ អរគុណចំពោះការតាមដាន  និងអានព័ត៌មានចេញពីទំព័រយើងខ្ញុំ!!!



ប្រភព៖ Edition.cnn/Dailymail





No comments