Header Ads

បាញ់អីតែកូរ៉េ សាកល្បងអីតែកូរ៉េ...ចិនឯនេះក៏មានមីស៊ីលបាញ់សាកល្បងកម្តៅសាច់ដុំដែរ!


ខណៈក្រុងព្យុងយ៉ាងប្រកាសធ្វើការសាកល្បងបាញ់គ្រាប់មីស៊ីលរបស់ខ្លួនជារៀងរាល់សប្តាហ៍ រាល់ខែ និងរាល់ឆ្នាំនោះ ពេលនេះក្រុមទាហានជើងទឹកចិនឯនេះវិញក៏បានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលរសប់ខ្លួននៅលើតំបន់សមុទ្រលឿង (Yellow Sea) ដែលស្ថិតនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េតែម្តង។ វីដេអូនៃការបាញ់គ្រាប់មីស៊ីលក្នុងសមយុទ្ធលើដែនទឹកក្បែរប្រទេសកូរ៉េខាងជើងនេះត្រូវបានចាក់ផ្សាយកាលពីម្សិលមិញនៅលើកញ្ចក់ទូរទស្សន៍ China Central Television Station (CCTV) ចែកជូនគ្រប់គ្នាមើលតែម្តង។



សមយុទ្ធរបស់កងទាហានជើងទឹកចិនដែលធ្វើឡើងនៅជាប់នឹងព្រំដែនប្រទេសកូរ៉េខាងជើងនេះមិនដឹងថាតើជាការបង្អួត សំញែង ឬក៏ជាការកម្តៅសាច់ដុំត្រៀមក្រែងល៎មានស្ថានការណ៍មិនប្រក្រតីណាមួយកើតឡើងក្នុងពេលខាងមុខនោះទេ។ កន្លងមក ចិនធ្លាប់បានទទូចឱ្យកូរ៉េខាងជើងបោះបង់មហិច្ឆិតាផលិតមីស៊ីល និងអាវុធបរមាណូរបស់ខ្លួនខណៈភាពតានតឹងកំពុងតែកើតមានឡើង។



គូសបញ្ជាក់ផងដែរថា ខណៈអនុរដ្ឋមន្ត្រីរបស់អាមេរិកលោក Mike Pence បានព្រមានដោយបោះសម្តីថា "ការអត់ធ្មត់របស់អាមេរិកជាមួយនឹងកូរ៉េខាងជើងជារឿងហួសសម័យមួយហើយ" កូរ៉េខាងជើងក៏បានឆ្លើយតបវិញដោយគម្រាមថាខ្លួននឹងនៅតែបន្តធ្វើការសាកល្បងបាញ់មីស៊ីលរបស់ខ្លួនជាប្រចាំរៀងរាល់សប្តាហ៍ផងដែរ។



មីស៊ីលក្នុងសមយុទ្ធទាហានជើងទឹករបស់ចិនឈ្មោះ Xining ដោយវាជាប្រភេទមីស៊ីលកំទេចមូលដ្ឋានរបស់សត្រូវដែលអាចបាញ់ឆ្ពោះក្នុងល្បឿនយ៉ាងលឿនទៅរកទីតាំងគោលដៅទាំងក្នុងដែនទឹក និងលើអាកាស។ តាមប្រភពព័ត៌មានពីចិន សមយុទ្ធដែនទឹកមួយនេះក៏នឹងអូសបន្លាយជាច្រើនថ្ងៃទៅមុខទៀតផងដែរ។ ទាក់ទិននឹងសមយុទ្ធរបស់ចិននេះ កូរ៉េខាងជើងនៅមិនទាន់មានអ្វីសំញែងមកវិញនៅឡើយទេ។ ចាំមើលថាតើកូរ៉េខាងជើងនឹងមានប្រតិកម្មតបថ្មីណាមួយចំពោះសមយុទ្ធដែលចិនធ្វើនៅជាប់ព្រំដែនប្រទេសរបស់ខ្លួននេះ?





ប្រភព៖ dailymail






No comments