Header Ads

នាគផ្លុំខ្លាបក់ នាគហក់ខ្លាពើង នាគ​ព្រួស​លែង​ចេញ​ភ្លើង ខ្លា​បោះ​ផ្លិត​ចោល!


កន្លងមក រុស្ស៊ីតែងជាខ្នងបង្អែកមួយរបស់កូរ៉េខាងជើង ខណៈប្រទេសនេះចេះតែបន្តសាកល្បងបាញ់មីស៊ីល ព្រមទាំងកម្មវិធីបរមាណូរបស់ខ្លួនជាបន្តបន្ទាប់ឥតដាច់ខួបខែខួបឆ្នាំ ទោះបីជាអាមេរិកស្រែកគម្រាមកូរ៉េយ៉ាងណាក៏ដោយ តែរុស្ស៊ីវិញហាក់បិទមាត់ជិតមិនខ្ចីនិយាយអ្វីមួយម៉ាត់តែម្តង។ តែអ្វីដែលរុស្ស៊ីនិយាយនោះគឺនិយាយទៅអាមេរិក ដោយថាបើអាមេរិកបើកការវាយប្រហារឃ្លាំងផ្ទុកបរមាណូរបស់កូរ៉េខាងជើង នោះវានឹងអាចរាលដាលដល់ប្រទេសខ្លួនដែរ ព្រោះតំបន់នោះជិតគ្នា។ លើសពីនេះទៅទៀត និងកាន់តែធ្វើឱ្យកូរ៉េខាងជើងបានចិត្តមួយកម្រិតទៀតផងនោះ លោកវ្លាឌីមៀ ពូទីន ថែមទាំងបានបញ្ជូនទាំងរថក្រោះ ទាហាន ព្រមទាំងសព្វាវុធរបស់ខ្លួនទៅកាន់តំបន់ព្រំដែនជាងរុស្ស៊ី និងកូរ៉េថែមទៀតផង។


ភ្លើងដែលកំពុងតែឆេះស្រាប់ ពេលបានខ្យល់បក់ថែមបែបនេះទៀត ភ្លើងកាន់តែសប្បាយក៏ឆេះកាន់តែខ្លាំងលានអណ្តាតប្រឡែងនឹងខ្យល់តែម្តង។ ទើបតែបាញ់មេឃជាទ្រង់ទ្រាយធំក្នុងថ្ងៃខួបទី ១០៥ របស់ខ្លួនហើយ ថ្ងៃសៅរ៏ ម្សិលមិញនេះ គីម ជុងអ៊ុន ក្រោកពីព្រឹកហើយបន្តសាកបាញ់មីស៊ីលទាំងព្រលឹមតែម្តង។ គាប់ជួនអីការបរាជ័យក៏កើតមានឡើងជាថ្មីទៀត ដោយឡើងផុតដីមិនបានប៉ុន្មានផងក៏ផ្ទុះតែម្តង ហើយនេះក៏មិនមែនជាការបរាជ័យលើកដំបូងដែរ ព្រោះសប្តាហ៍មុន កូរ៉េខាងជើងក៏ធ្លាប់បរាជ័យម្តងរួចមកហើយដែរ។ ក្នុងបំណងល្អ ចិនដែលជាដៃគូពាណិជ្ជកម្មបានចេញមុខមុនគេកាលពីថ្ងៃសុក្រ សុំឱ្យកូរ៉េងាកមករកការចរចានឹងអាមេរិកដើម្បីគេចពីជម្លោះ។


ចណែកឯរុស្ស៊ីដែលធ្លាប់តែរុញទូកបណ្តោយទឹក ធាក់ស៊ីក្លូបញ្ចូលឡាន ច្រានអុសឱ្យចូលពូថៅស្រាប់តែបន្ទន់ឥរិយាបថដែរហើយនៅថ្ងៃនេះ។ កន្លងមក ប្រហែលជាចង់ឃើញសព្វាវុធអាមេរិកទំនើបប៉ុណ្ណាហើយមើលទៅបានជាមិនខ្ចីឃាត់ តែដល់ឃើញកូរ៉េបាញ់ខុយៗពីរបីដង ក៏ស្រាប់តែចេញមុខឃាត់តែម្តង។ ក្នុងសន្និសីទ្ធមួយនៅក្រុងមូស្គូ លោកប្រធានាធិបតីរុស្ស៊ី លើកឡើងថា ស្ថានភាពនៅឧបទ្វីបកូរ៉េពេលនេះកាន់តែដុនដាបទៅៗហើយ ហើយក៏គួរតែបញ្ឈប់ឥរិយាបទនៃការបង្កសង្គ្រាម និងងាកមករកការចរចាគ្នាវិញល្អជាង។ លោកពូទីន បន្ថែមទៀតថា រុស្ស៊ី និងជប៉ុន ព្រមសហការគ្នាក្នុងការយ៉ាងជិតស្និទ្ធក្នុងការជួយសម្រួលកុំឱ្យមានភាពតានតឹងបន្តទៀត។ រឿងនេះនៅមិនទាន់មានការឆ្លើយតបណាមួយមកវិញពីកូរ៉េខាងជើងនៅឡើយទេ។ ចាំមើលថាតើ គីម ជុងអ៊ុន នឹងមានប្រតិកម្មយ៉ាងណាពីរឿងនេះ?


ប្រភព៖ The Asahi Shimbun















No comments