Header Ads

បើដូណាល់ ថ្រាំ ធ្វើបានមែន នោះគីម ជុងអ៊ុន ដឹងតាអាចម៍ជោគខោហើយចាំមើលទៅ!


ការប្រកាសដ៏ភ្ញាក់ផ្អើលមួយពីមន្ទីរបច្ចកោណ ឬក្រសួងការពារជាតិអាមេរិកឱ្យដឹងថា ខ្លួននឹងធ្វើការសាកល្បងបាញ់ទម្លាក់មីស៊ីលផ្លោងអន្តរទ្វីបដែលហៅកាត់ថា ICBM ដែលមីស៊ីលប្រភេទនេះគឺស្រដៀងគ្នាទៅនឹងមីស៊ីលដែលកូរ៉េខាងជើងធ្លាប់បានធ្វើការសាកល្បងបាញ់ក្នុងពេលកន្លងមកនេះ។ បើសិនជាគម្រោងនេះ មន្ទីរបច្ចកោណធ្វើបានជោគជ័យ នោះកូរ៉េខាងជើងពិតជាអស់អីអួតជាមិនខានទេ ព្រោះបើសង្គ្រាមកើតឡើង ឱ្យតែហ៊ានបាញ់មីស៊ីលអន្តរទ្វីបរបស់ខ្លួន នោះអាមេរិកពិតជានឹងអាចបាញ់ទម្លាក់នៅពាក់កណ្តាលផ្លូវមុនទៅដល់ទីដៅជាមិនខានឡើយ។


ក្នុងគម្រោងសាកល្បងបាញ់ទម្លាក់មីស៊ីលអន្តរទ្វីបនេះ មន្ទីរបញ្ចកោណបញ្ជាក់ថាមិនមែនជាការចំអក ឬក៏ឡកឡឺយអ្វីឱ្យកូរ៉េខាងជើងនោះទេ។ មន្ទីរបញ្ចកោណមានគម្រោងបាញ់មីស៊ីលចេញពីកោះ Marshall Island ហើយប្រើមីស៊ីលអន្តរទ្វីបដែលបាញ់ចេញពីមូលដ្ឋានទ័័ពអាកាសនៅកាលីហ្វ័រញ៉ាដើម្បីទម្លាក់មីស៊ីលដែលបានបាញ់ចេញពីកោះនោះតែម្តង។ តាមសម្តីរបស់មន្ត្រីភ្នាក់ងារប្រឆាំងមីស៊ីលអាមេរិកឱ្យដឹងថា នេះគឺជាលើកទីមួយហើយដែលអាមេរិកប៉ុនប៉ងធ្វើការសាកល្បងបាញ់ទម្លាក់មីស៊ីលលំដាប់អន្តរទ្វីបបែបនេះ។

ការសាកល្បងបាញ់ទម្លាក់មីស៊ីលអន្តរទ្វីបរបស់មន្ទីរបញ្ចកោណអាមេរិកនឹងត្រូវធ្វើឡើងនាថ្ងៃអង្គារ ដើមសប្តាហ៍ក្រោយនេះ បន្ទាប់ពីកូរ៉េខាងជើងទើបបានធ្វើការសាកល្បងបាញ់បានសម្រេចនូវមីស៊ីលផ្លោងរបស់ខ្លួនចំនួនពីរដងធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍។ គេដឹងថា មីស៊ីលលំដាប់មធ្យមមួយគ្រាប់របស់កូរ៉េខាងជើងបានហោះក្នុងរយៈចម្ងាយ ១២ ០០០ ម៉ាយ (១៩ ៣០៨ គីឡូ) ក្នុងលំហ មុននឹងចូលមកក្នុងគន្លងផែនដីវិញ និងធ្លាក់នៅចម្ងាយ ៦០ ម៉ាយ (៩៦,៥៤ គីឡូ) ពីប្រទេសរុស្ស៊ី។


មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ផ្ទាល់ធ្លាប់បានលើកឡើងថា មីស៊ីលបំពាក់ក្បាលគ្រាប់បរមាណុរបស់ខ្លួនគឺអាចនឹងវាយចូលដល់ក្នុងទឹកដីរបស់អាមេរិកបាន។ តែរហូតមកទល់នឹងពេលនេះ គីម ជុងអ៊ុន នៅមិនទាន់ដែលបានសាកល្បងបាញ់មីស៊ីលអន្តរទ្វីប ឬ ICBM របស់ខ្លួនម្តងណានៅឡើយទេ តែមន្ត្រីមន្ទីរបញ្ចកោណជឿថា កូរ៉េខាងជើងកំពុងតែពន្លឿនការសាកល្បងរបស់ខ្លួនឆ្ពោះទៅសាកមីស៊ីលអន្តរទ្វីបដែលគេបានលើកឡើងនោះជាមិនខាន។ កូរ៉េខាងជើងក៏ធ្លាប់បាននិយាយដែរថា ខ្លួននឹងនៅតែបន្តកម្មវិធីបរមាណូទៅមុខទៀតដើម្បីទប់ទល់នឹងការឈ្លានពានពីអាមេរិក។ ចាំមើលថាតើថ្ងៃអង្គារ សប្តាហ៍ក្រោយនេះ មន្ទីរបញ្ចកោណអាចនឹងសាកល្បងបាញ់ទម្លាក់មីស៊ីលអន្តរទ្វីបបានសម្រេចដែរ ឬក៏យ៉ាងណា?

ប្រភព៖ Foxnews.com

No comments